24/10/2026
សាររំលែកមរណទុក្ខ
យើងខ្ញុំទាំងអស់គ្នា ព្រមទាំងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គនៃវត្តចន្ទរង្សី (ហៅវត្តខ្មែរកម្ពុជាក្រោម) ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃមិត្តសមាគមខ្មែរកម្ពុជាក្រោមនៅបារាំង និងសមាគមឧបត្ថម្ភព្រះពុទ្ធសាសនាខ្មែរកម្ពុជាក្រោម មានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធាចារ្យ ត្រាំង ឆាត ប៊ុត ដែលជាឥស្សរជនខ្មែរក្រោមដ៏ឆ្នើមមួយរូប បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩ និង ៣០នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់លោកព្រឹទ្ធាចារ្យ ត្រាំង ឆាត ប៊ុត គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្ស មេដឹកនាំ និងជាបញ្ញវន្តខ្មែរក្រោមដ៏កម្រមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេញមួយជីវិតរបស់លោក ដើម្បីតស៊ូមតិ ទាមទារ និងលើកកម្ពស់សិទ្ធិសេរីភាពជូនប្រជាជាតិខ្មែរក្រោម។
ជាពិសេស យើងខ្ញុំចងចាំជានិច្ចនូវវីរភាពរបស់លោក ដែលទោះបីជាលោកស្ថិតក្នុងវ័យចាស់ជរាក៏ដោយ ក៏លោកនៅតែប្រឹងប្រែង លះបង់ពេលវេលាចូលរួមរាល់សកម្មភាពរបស់សមាគម ព្រមទាំងតែងតែជួយណែនាំ និងផ្តល់យោបល់ដ៏មានតម្លៃបំផុតក្នុងការកសាង និងរៀបចំផ្នែករដ្ឋបាលដល់មិត្តសមាគម ក៏ដូចជានៅវត្តចន្ទរង្សី មិនដែលខកខានឡើយ។ ស្នាដៃ និងគំរូវីរភាពរបស់លោក នឹងចារឹកទុកក្នុងប្រវត្តិសាស្ត្រ និងក្នុងក្រអៅបេះដូងកូនខ្មែរក្រោមគ្រប់រូបជានិច្ច។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកសង្រេងនេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនទម្ងន់នេះ ជាមួយក្រុមគ្រួសារ កូនចៅ និងញាតិមិត្តទាំងអស់របស់លោកព្រឹទ្ធាចារ្យ ដោយក្តីសង្វេគជាទីបំផុត។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យ ត្រាំង ឆាត ប៊ុត សូមលោកបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
តំណាងដោយ៖
ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ នៃវត្តចន្ទរង្សី (ហៅវត្តខ្មែរកម្ពុជាក្រោម)
មិត្តសមាគមខ្មែរកម្ពុជាក្រោមនៅបារាំង
សមាគមឧបត្ថម្ភព្រះពុទ្ធសាសនាខ្មែរកម្ពុជាក្រោម