28/10/2026
ការមិនប្រើកិច្ចព្រមព្រៀង ២៣តុលា និងតុលាការ ICJ ធ្វើឱ្យថៃ យកដីខ្មែរយ៉ាងងាយ ទោះមានបទឈប់បាញ់
-------
(VOD /ដោយលោក អ៊ុក សុវណ្ណ / 27-10-2026)
ការដែលលោក ហ៊ុន ម៉ាណែត មិនប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមិនរុញសំណុំរឿងព្រំដែនទៅតុលាការអន្តរជាតិជាងមួយឆ្នាំមកនេះ ត្រូវបានក្រុមអ្នកតាមដានលើកឡើងថា បានធ្វើឱ្យថៃពង្រីកការឈ្លានពានទឹកដីកម្ពុជារហូតដល់ជាង ៨០ ទីតាំង ដោយងាយស្រួលជាងសម័យណាៗទាំងអស់ បើទោះបីជាថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាពរវាងកម្ពុជា-ថៃ នៅរាជធានីកួឡាឡាំពួរក៏ដោយ។
ពាក់ព័ន្ធនឹងរឿងនេះ ក្រសួងការបរទេសកម្ពុជា បានថ្លែងថា សេចក្តីថ្លែងការណ៍រួមនៅរាជធានីកួឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សីនាពេលនោះ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍នេះដោយសុឆន្ទៈ។
កម្ពុជាបន្តប្តេជ្ញាចិត្តចំពោះការដោះស្រាយវិវាទព្រំដែនស្របតាមច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែង ការប្រើប្រាស់កម្លាំង ឬសកម្មភាពបង្កហេតុណាមួយ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយភាគីថៃ និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ការពារប្រជាជនស៊ីវិល សម្រួលដល់ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ជនភៀសសឹក និងលើកកម្ពស់ស្ថិរភាព ព្រមទាំងវិបុលភាពនៅតាមបណ្តោយព្រំដែនរួម។
ក្រៅពីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងកាលពីថ្ងៃទី២៦ ខែតុលានេះ ដោយបានរំលេចខ្លឹមសារសំខាន់ៗទាំង ៨ ចំណុច នៃសេចក្តីប្រកាសរួមនោះផងដែរ។ សម្រាប់លោក ប៉ែន បូណា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសទាំងពីរ ដូចដែលបានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងផ្សេងៗទៀត ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាពក្នុងតំបន់។
លោកថា៖ «យើងបានប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង ការស្ដារទំនុកចិត្ត និងទំនាក់ទំនង ដែលបានផ្ដល់ប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ៥. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើ ប្រកបដោយប្រសិទ្ធភាពពីភាគីទាំងពីរ និងទទួលស្គាល់ថា អរិភាពសកម្ម ត្រូវបានបញ្ចប់»។
ប៉ុន្តែជាងមួយឆ្នាំមកនេះ ក្រុមអ្នកតាមដាន បានអះអាងថា ថៃបានពង្រីកការឈ្លានពានដីខ្មែររហូតដល់ ៨៥ ទីតាំង ដោយគ្មានការរំខានពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឡើយ ខណៈរដ្ឋាភិបាលនេះប្រកាសគោរពបទឈប់បាញ់យ៉ាងពេញទំហឹង។
ដោយឡែក សម្រាប់អតីតតំណាងរាស្ត្របក្សប្រឆាំងដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន បានកត់សម្គាល់ថា លទ្ធផលនៅលើដីជាក់ស្តែង ថៃមានប្រៀបលើកម្ពុជា ទោះបីជាភាគីទាំងពីរបានចុះហត្ថលេខាលើបទឈប់បាញ់ និងសេចក្តីប្រកាសរួមនេះក៏ដោយ។ លោកគូសបញ្ជាក់ថា ជាង ១ ឆ្នាំមកនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តទន្ទិញខ្លឹមសារបទឈប់បាញ់ ប៉ុន្តែថៃចេះតែរុលចូលឈ្លានពានកម្ពុជាឥតឈប់ឈរ រហូតគ្រប់គ្រងដីខ្មែរបាន ៨៥ ទីតាំង ដែលលោករិះគន់ចំៗថា លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពការពារទឹកដីនោះទេ។
លើសពីនេះ ក៏មានពលរដ្ឋខ្មែរជាង ២ ម៉ឺននាក់ទៀត ដែលរងគ្រោះពីការឈ្លានពានរបស់ថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយ។ ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ហើយថែមទាំងបន្តឈ្លានពានទឹកដីខ្មែរ តាមរយៈការដាក់ទូកុងតឺន័រ ជីកប្រឡាយ និងសាងសង់របងបេតុងជាដើម។
ជាការផ្តល់យោបល់ លោកថ្លែងថា ដើម្បីទប់ស្កាត់ការឈ្លានពានលើដីជាក់ស្តែង លោក ហ៊ុន ម៉ាណែត ត្រូវតែប្រាប់ទៅលោក ដូណាល់ ត្រាំ និងសហគមន៍អន្តរជាតិ ដើម្បីជួយដាក់សម្ពាធលើប្រទេសថៃ ឱ្យគោរពកិច្ចព្រមព្រៀង និងឈប់ឈ្លានពានទឹកដីខ្មែរ។
លោកថា៖ «ដូច្នេះកម្ពុជាត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបអាចបញ្ឈប់ការឈ្លានពានរបស់ថៃ ហើយអាចទាមទារទឹកដីបានមកវិញ។ បើចរចាធ្វើទ្វេភាគីគឺមិនអាចទាមទារទឹកដីបានមកវិញនោះទេ»។
បន្ថែមលើនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក មែន ណាត បានលើកឡើងថា កិច្ចព្រមព្រៀងនៅទីក្រុងកួឡាឡាំពួរ គឺបានផ្តល់ផលអវិជ្ជមាន និងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជាច្រើន ព្រោះតែភាគីថៃមិនបានគោរព។ លោកសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជានៅតែបន្តប្រើប្រាស់យន្តការចរចាទ្វេភាគីជាមួយថៃ គឺនឹងមិនអាចទាមទារទឹកដីត្រឡប់មកវិញបានឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្តឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបអាចបញ្ឈប់ការឈ្លានពាន និងទាមទារទឹកដីមកវិញបាន។
លោកថា៖ «ប៉ុន្តែអាការកើនឡើងនៃការឈ្លានពាននេះ អត់ឃើញរដ្ឋាភិបាលកម្ពុជាធ្វើសេចក្ដីរាយការណ៍ជាពិសេស ហើយភ្ជាប់ជាមួយភស្តុតាងទៅដៃគូរអន្តរជាតិទេ គ្រាន់តែនិយាយឆ្បោលៗ មូលៗហើយ ទទូចអង្វរថៃចូលតុចរចា អញ្ចឹងហើយបានជាថៃនៅបានចិត្ត នៅតែពង្រីកការឈ្លានពានទឹកដីខ្មែរមិនឈប់ឈររហូតដល់ពេលនេះ»។
សម្រាប់អ្នកតាមដានបញ្ហាព្រំដែនដែលមិនចំណុះឱ្យរដ្ឋាភិបាល យល់ឃើញថា បើកម្ពុជានៅតែបន្តប្រើយន្តការចរចាទ្វេភាគីជាមួយថៃ កម្ពុជានឹងបាត់បង់ទឹកដីបន្ថែមទៀតពីការឈ្លានពានរបស់ថៃ។ ហេតុនេះ កម្ពុជាត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្តឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបអាចបញ្ឈប់ការឈ្លានពានរបស់ថៃ និងអាចទាមទារទឹកដីត្រឡប់មកវិញបាន ព្រោះការចរចាទ្វេភាគីមិនអាចទាមទារទឹកដីមកវិញបានឡើយ៕