05/12/2025
សេចក្តីអំពាវនាវរបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពីខួប ៧៦ ឆ្នាំនៃទិវា ៤ មិថុនា
---
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិ និងសប្បុរសជនជាទីគោរព ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ជាខួបលើកទី ៧៦ ឆ្នាំ ថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមត្រួតត្រា (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០២៥)។ ព្រឹត្តិការណ៍នេះ ជាកំណត់ត្រាប្រវត្តិសាស្ដ្រដ៏ជូរចត់មួយរបស់ប្រជាជាតិខ្មែរយើង។ ដើម្បីភាពគង់វង្សនៃអត្តសញ្ញាណជាតិខ្មែរ ពូជសាសន៍ខ្មែរ ព្រះពុទ្ធសាសនា អក្សរសាស្ដ្រ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ វីរសមណៈ វីរបុរស យុទ្ធជន យុទ្ធនារីខ្មែរ បានពលីកាយ ថ្វាយជីវិត និងរងការធ្វើទុក្ខបុកម្នេញ គំរាមកំហែងក្រោមការត្រួតត្រាដោយរដ្ឋអំណាចវៀតណាមជាបន្តបន្ទាប់រៀងមក។
ដើម្បីញ៉ាំងឲ្យអង្គពិធីបុណ្យនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ដ្រដូចក្ដីបំណង អង្គការ សមាគមខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រះមេត្តា និងមេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា។