សមាគមបណ្តាញកសិករនិងធម្មជាតិ

  • Home
  • Cambodia
  • Toul Kork
  • សមាគមបណ្តាញកសិករនិងធម្មជាតិ

សមាគមបណ្តាញកសិករនិងធម្មជាតិ Farmers and Nature Net Association (FNN)

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) 🌾🤝នាថ្ងៃទី០៩ ដល់ ១០ ខែមេសា ឆ្នាំ២០២៦ សមាគមបណ្តាញកសិករ ន...
10/04/2026

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) 🌾🤝
នាថ្ងៃទី០៩ ដល់ ១០ ខែមេសា ឆ្នាំ២០២៦ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) បានរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រកបដោយជោគជ័យ នៅការិយាល័យកណ្តាល រាជធានីភ្នំពេញ ។ កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកសរុបចំនួន ១៨ រូប (ស្រី ៦ រូប) ។
ក្រោមអធិបតីភាពរបស់ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាល FNN និង លោក ប៉ាន សុភាព នាយកប្រតិបត្តិ កិច្ចប្រជុំបានពិភាក្សា និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនរួមមាន៖
✅ ពង្រឹងបណ្តាញថ្នាក់ខេត្ត៖ ការរៀបចំ និងពង្រឹងការទទួលខុសត្រូវរបស់តំណាងក្រុមប្រឹក្សាតាមតំបន់ ។
✅ របាយការណ៍សមាជិកភាព៖ ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សមាជិកភាព ដើម្បីបម្រើផលប្រយោជន៍កសិករឱ្យកាន់តែមានប្រសិទ្ធភាព ។
✅ ផែនការហិរញ្ញវត្ថុ និងឥណទាន៖ ត្រៀមរៀបចំបែងចែកប្រាក់ភាគហ៊ុនឥណទាន FNN ជូនម្ចាស់ភាគហ៊ុននាខែឧសភាខាងមុខ ។
✅ វឌ្ឍនភាពគម្រោង ២០២៦៖ បង្ហាញពីដំណើរការអនុវត្តគម្រោង និងសកម្មភាពគាំទ្រនានារបស់សមាគមសម្រាប់ឆ្នាំ២០២៦ ។
✅ ការដេញថ្លៃសម្ភារៈផ្សារ៖ បង្ហាញតារាង និងកំណត់តម្លៃសម្រាប់ដេញថ្លៃសម្ភារៈផ្សេងៗ និងទ្រព្យសម្បត្តិរបស់ផ្សារ ។
ពិសេសជាងនេះទៅទៀត ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ សមាគមបានរៀបចំ ពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ដើម្បីសុំសេចក្តីសុខសប្បាយ និងសិរីសួស្តីដល់គ្រួសារ FNN ទាំងមូលផងដែរ ។
សមាគម FNN នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដើរតួជាឆ័ត្រដែលតំណាង និងបម្រើដល់ផលប្រយោជន៍របស់សហគមន៍កសិកម្ម និងកសិករនៅតាមជនបទឱ្យកាន់តែប្រសើរឡើង ។
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
Website: www.fnn-kh.org
#កិច្ចប្រជុំក្រុមប្រឹក្សាភិបាល #កសិករនិងធម្មជាតិ #អភិវឌ្ឍន៍សហគមន៍ #សួស្តីឆ្នាំថ្មី២០២៦

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦ 🌸✨ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋ...
10/04/2026

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦ 🌸✨
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមគោរពជូនពរជ័យសិរីសួស្តីដ៏មហាប្រសើរ ជូនដល់៖
✅ បងប្អូនសមាជិក សមាជិកាកសិករនៅទូទាំងប្រទេស
✅ ដៃគូសហការ និងអង្គការដៃគូអភិវឌ្ឍន៍នានា
✅ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់
សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឱ្យឆ្នាំថ្មីនេះ ក្លាយជាឆ្នាំនៃ៖
🌾 ការប្រមូលផលបានទិន្នផលខ្ពស់ និងទីផ្សារធំទូលាយ
💪 សុខភាពមាំមួន និងសុភមង្គលក្នុងគ្រួសារ
🤝 ជោគជ័យក្នុងគ្រប់ភារកិច្ច និងការពង្រឹងសាមគ្គីភាពជានិរន្តរ៍។
សួស្តីឆ្នាំថ្មី ឆ្នាំមមី ២០២៦! 🇰🇭
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
Website: www.fnn-kh.org
#សមាគមបណ្តាញកសិករនិងធម្មជាតិ #សួស្តីឆ្នាំថ្មី២០២៦ #កសិកម្មកម្ពុជា

📍 សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ" ក្រោមគម្រោងគ្រាប់ពូជមានភាពធន់របស់កសិករភ្នំពេញ៖ នៅថ្ងៃទី...
07/04/2026

📍 សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ" ក្រោមគម្រោងគ្រាប់ពូជមានភាពធន់របស់កសិករ
ភ្នំពេញ៖ នៅថ្ងៃទី៦ និង ៧ ខែមេសា ឆ្នាំ២០២៦ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលពីរថ្ងៃ នៅសណ្ឋាគារសាន់វេ (Sunway Hotel) ក្នុងគោលបំណងពង្រឹងបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវឱ្យកាន់តែមានគុណភាព និងភាពធន់។
🎯 គោលបំណងសំខាន់នៃសិក្ខាសាលា៖
✅ពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធក្នុងការងារផលិតកម្មគ្រាប់ពូជស្រូវ (គម្រោងគ្រាប់ពូជធន់របស់កសិករ កសិករផលិតពូជ សហគមន៍ មន្ត្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធផ្សេងៗ)
✅បង្ហាញនូវពង្រាងសៀវភៅណែនាំ បច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវសម្រាប់កសិករផលិតគ្រាប់ពូជស្រូវ និងសហគមន៍កសិកម្មទំនើប ខេមស៊ីដ
✅ប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ ដើម្បីកែលម្អរសៀវភៅណែនាំបច្ចេកទេសផលិតគ្រាប់ពូជស្រូវ មុននឹងធ្វើការ បោះពុម្ពជាផ្លូវការ
🤝 សិក្ខាសាលានេះមានការចូលរួមយ៉ាងសកម្មពីតំណាងវិស័យសាធារណៈ(នាយកដ្ឋានដំណាំស្រូវ (DoR) នាយកដ្ឋាន ពូជដំណាំ (DoC) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប (Prek Leap NIA) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នាយកដ្ឋានគ្រឿងយន្តកសិកម្ម (DoAM) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង(PDAFF) ក្រុមប្រឹក្សាឃុំពេជ្ជចង្វារ មន្ត្រីកសិកម្មឃុំ(CAO) ) និង សហគមន៍កសិកម្ម ព្រមទាំងវិស័យឯកជនរួមមាន ក្រុមហ៊ុនណយយ៉ាគង់គ្រុប (ម៉ាស៊ីនសំងួតស្រូវ) ក្រុមហ៊ុនស្មាតអាក្រូ ក្រុមហ៊ុនយូនីហ្វាយ (Unifi) ដេប៉ូផ្គត់ផ្គង់ធាតុចូលកសិកម្ម និងតំណាងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន (ARDB TV) ដែលមានអ្នកចូលរួមសរុបចំនួន ៥១នាក់ ក្នុងនោះស្រ្តីចំនួន ១១នាក់។
ក្រោមការគាំទ្របច្ចេកទេសពីមូលនិធិ FFORA និងសមាគមកសិករអាស៊ី (AFA) យើងជឿជាក់ថា លទ្ធផលនៃសិក្ខាសាលានេះនឹងជួយឱ្យកសិករខ្នាតតូចមានលទ្ធភាពទទួលបានគ្រាប់ពូជស្រូវដែលមានគុណភាពខ្ពស់ និងបង្កើនភាពធន់ក្នុងប្រព័ន្ធកសិកម្មកម្ពុជា។
សមាគម FNN សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ដែលបានផ្តល់មតិយោបល់យ៉ាងផុសផុល ដើម្បីឱ្យសិក្ខាសាលានេះទទួលបានជោគជ័យយ៉ាងផ្លែផ្កា! 🙏🌾
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
Website: www.fnn-kh.org

01/04/2026

តើគម្រោង ARISE-Farmers ជួយអ្វីខ្លះដល់កសិករយើង?
ទស្សនាវីដេអូខ្លីនេះ ដើម្បីយល់ដឹងពីសកម្មភាពរបស់សមាគម FNN ក្នុងគម្រោង ARISE-Farmers ដែលជាជំនួយសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញនូវជីវភាពកសិករគ្រួសារពីផលប៉ះពាល់នៃកូវីដ-១៩។
ក្រោមការគាំទ្រពី IFAD និង AFA យើងបានប្តេជ្ញាចិត្តពង្រឹងសមត្ថភាពកសិករខ្នាតតូចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសកសិករក្នុងបណ្តាញសមាគមរបស់យើងផ្ទាល់! 👨‍🌾👩‍🌾
🔗 ទស្សនាវិឌីអូបន្ថែមលើវេបសាយរបស់យើង៖ https://tinyurl.com/pr3hy23v

សេចក្តីប្រកាសជ្រើសរើសដៃគូសហការជំនាញផលិតវីដេអូ (Video Production Partnership)📢 សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) កំពុងស្...
31/03/2026

សេចក្តីប្រកាសជ្រើសរើសដៃគូសហការជំនាញផលិតវីដេអូ (Video Production Partnership)
📢 សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) កំពុងស្វែងរកបេក្ខជន ឬស្ថាប័នដែលមានជំនាញ និងបទពិសោធន៍ក្នុងការផលិតវីដេអូ ដើម្បីចងក្រងសកម្មភាព និងសមិទ្ធផលនានារបស់គម្រោង សម្រាប់ផ្សព្វផ្សាយជូនដល់ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ។
🌾 អំពីសមាគម FNN៖ ពួកយើងគឺជាអង្គការកសិករក្នុងស្រុកដែលមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងក្នុងគោលបំណងគាំទ្រកសិករខ្នាតតូចលើផ្នែកបច្ចេកទេស ទីផ្សារ និងការលើកកម្ពស់សេដ្ឋកិច្ចជនបទប្រកបដោយនិរន្តរភាព។
🎬 លក្ខខណ្ឌបច្ចេកទេសនៃវីដេអូ៖
១. កម្រិតច្បាស់ (Resolution): យ៉ាងតិច 1080p (Full HD)
២. អក្សរ (Typography): មានអក្សរលើវីដេអូ (ខ្មែរ និង/ឬ អង់គ្លេស)
៣. រយៈពេល (Duration): ចន្លោះពី ៥ ទៅ ១០ នាទី (សម្រាប់ Facebook, TikTok, YouTube)
៤. សំឡេង (Audio): ច្បាស់ល្អ គ្មានសំឡេងរំខាន (No Noise)
៥. សាច់រឿង (Engagement): មានការរៀបចំសាច់រឿងទាក់ទាញ តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់
📂 ឯកសារតម្រូវ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសាររួមមាន៖
✅ ប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter)
✅ តម្លៃសហការ (Cooperated Budget) និងសម្រង់តម្លៃសេវាកម្ម
⏰ ឈប់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
ℹ️ ព័ត៌មានបន្ថែម និងការដាក់ពាក្យ៖
សូមទំនាក់ទំនងមកកាន់ លោក អ៊ឹង វុទ្ធី
📞 ទូរស័ព្ទ៖ ០៧៧ ៦៨ ៦៣ ៦១ / ០៩៦ ៥៥៦ ៣ ៥៥៨
📧 អ៊ីម៉ែល៖ [email protected]
រួមគ្នាជាមួយសមាគម FNN ដើម្បីលើកកម្ពស់សហគមន៍កសិកម្មតាមរយៈរូបភាព និងវីដេអូប្រកបដោយគុណភាព!
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
Website: www.fnn-kh.org
#ស្វែងរកអ្នកផលិតវីដេអូ

🤝 សមាគម FNN ទទួលស្វាគមន៍ក្រុមការងារវាយតម្លៃឯករាជ្យ (IOE) របស់មូលនិធិ IFADនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមាគមបណ្តាញកសិករ និ...
31/03/2026

🤝 សមាគម FNN ទទួលស្វាគមន៍ក្រុមការងារវាយតម្លៃឯករាជ្យ (IOE) របស់មូលនិធិ IFAD
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) មានកិត្តិយសយ៉ាងខ្លាំង ក្នុងការទទួលស្វាគមន៍ក្រុមការងារវាយតម្លៃឯករាជ្យ (IOE) នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីចុះមកធ្វើការវាយតម្លៃយុទ្ធសាស្ត្រ និងកម្មវិធីប្រចាំប្រទេស (CSPE)។
📍 គោលបំណងសំខាន់នៃបេសកកម្មនេះ៖
✅ វាយតម្លៃលើលទ្ធផល និងប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ និងកម្មវិធីនានាដែលគាំទ្រដោយថវិការបស់ IFAD នៅកម្ពុជា។
✅ ប្រមូលធាតុចូល និងអនុសាសន៍សំខាន់ៗ ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មីរបស់ IFAD សម្រាប់កម្ពុជា ក្នុងគោលដៅជំរុញការផ្លាស់ប្តូរមុខមាត់តំបន់ជនបទ។
✅ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសមាគមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពកសិករ។
ក្នុងជំនួបនេះ មានការចូលរួមពីប្រតិភូចំនួន ០៦រូប រួមទាំងទីប្រឹក្សាជំនាញមកពីការិយាល័យ IOE ផងដែរ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់សមាគម FNN ក្នុងនាមជាតំណាងឱ្យកសិករ និងសហគមន៍កសិកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានបរិយាបន្ន។
សមាគម FNN ប្តេជ្ញាចិត្តបន្តកិច្ចសហការយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីនាំមកនូវបច្ចេកវិទ្យាថ្មីៗ និងយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាពជូនដល់សមាជិកយើង។
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
Website: www.fnn-kh.org

🌽 ទិវាបង្ហាញកសិកម្មចម្រុះនៃការបង្កើនផលិតកម្មពោត និងការចិញ្ចឹមមាន់ឱ្យទទួលបានជោគជ័យ! 🐔មោទនភាពចំពោះបងប្អូនកសិករយើង! កាលពីពេ...
31/03/2026

🌽 ទិវាបង្ហាញកសិកម្មចម្រុះនៃការបង្កើនផលិតកម្មពោត និងការចិញ្ចឹមមាន់ឱ្យទទួលបានជោគជ័យ! 🐔
មោទនភាពចំពោះបងប្អូនកសិករយើង! កាលពីពេលថ្មីៗនេះ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) បានរៀបចំ "ទិវាបង្ហាញ" (Field Day) ដើម្បីបង្ហាញពីលទ្ធផលជោគជ័យនៃខ្សែច្រវាក់តម្លៃពោត និងការចិញ្ចឹមមាន់។
📍 ចំណុចសំខាន់ៗនៃព្រឹត្តិការណ៍៖
✅ ការចែករំលែកបទពិសោធន៍របស់បងប្អូនកសិករបានជួបជុំគ្នា សិក្សាផ្ទាល់នៅតាមកសិដ្ឋានគំរូ ទាំងបច្ចេកទេសដាំដុះពោត និងការចិញ្ចឹមមាន់ឱ្យមានសុខភាពល្អ និងលូតលាស់លឿន។
✅ ការតភ្ជាប់ទីផ្សារដែលមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ក្រុមហ៊ុន De Heus និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងការលក់កសិផលឱ្យមានតម្លៃខ្ពស់ និងទីផ្សារច្បាស់លាស់។
✅ លទ្ធផលគួរឱ្យកត់សម្គាល់ចំពោះកសិករគំរូបានបង្ហាញថា ការអនុវត្តតាមបច្ចេកទេសថ្មី មិនត្រឹមតែជួយកាត់បន្ថយចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យចំណូលក្នុងគ្រួសារកើនឡើងគួរឱ្យកត់សម្គាល់ (ជាមធ្យម ៣៥៧,០០០ រៀលក្នុងមួយខែបន្ថែម ពីការលក់មាន់)។
សមាគម FNN នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់សហគមន៍កសិកម្ម (AC) ដើម្បីប្រែក្លាយកសិកម្មបែបគ្រួសារ ទៅជាកសិកម្មពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
សូមអរគុណដល់ដៃគូសហការទាំងអស់៖ SNV, ADB, De Heus និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដែលបានជ្រោមជ្រែងឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ!
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
អានរបាយការណ៍លម្អិត: www.fnn-kh.org
#កសិកម្មកម្ពុជា #អភិវឌ្ឍន៍សហគមន៍

ការពង្រឹងសមត្ថភាពកសិករ ដើម្បីផលិតគ្រាប់ពូជស្រូវស្តង់ដារ និងនិរន្តរភាពកសិកម្មទំនើប🌾✨ថ្ងៃទី ១៩-២០ ខែមីនា ឆ្នាំ២០២៦ នេះ សមា...
21/03/2026

ការពង្រឹងសមត្ថភាពកសិករ ដើម្បីផលិតគ្រាប់ពូជស្រូវស្តង់ដារ និងនិរន្តរភាពកសិកម្មទំនើប🌾✨
ថ្ងៃទី ១៩-២០ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់ស្តីពី «ការវាយតម្លៃតម្រូវការបណ្តុះបណ្តាល (TNA) និងការប្រមូលទិន្នន័យកសិករផលិតគ្រាប់ពូជស្រូវ» នៅសណ្ឋាគារសុខ ថៃសាន្ត ខេត្តកំពង់ឆ្នាំង។
🎯 គោលបំណងសំខាន់នៃកម្មវិធី៖ កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្ររួមមាន៖ ✅ ស្វែងយល់ពីកម្រិតចំណេះដឹង និងបច្ចេកទេសជាក់ស្តែងរបស់កសិករក្នុងការផលិតគ្រាប់ពូជស្រូវតាមស្តង់ដារ ។
✅ កំណត់មុខជំនាញបច្ចេកទេសដែលកសិករត្រូវការបន្ថែម ដូចជា ការជ្រើសរើសពូជ ការគ្រប់គ្រងសមាសភាពចង្រៃ និងបច្ចេកវិទ្យាក្រោយប្រមូលផល ។
✅ រៀបចំបញ្ជីសំណួរ និងបណ្តុះបណ្តាលក្រុមការងារប្រមូលទិន្នន័យ ដើម្បីចងក្រងស្ថិតិកសិករ និងផ្ទៃដីផលិតកម្មឱ្យបានច្បាស់លាស់ ។
💡 សកម្មភាពក្នុងកិច្ចប្រជុំ៖
- ថ្ងៃទី១៖ ការពិភាក្សាក្រុមដើម្បីកំណត់អាទិភាពនៃវគ្គបណ្តុះបណ្តាលដែលកសិករចង់បានបំផុត
- ថ្ងៃទី២៖ ការពិភាក្សាលើបញ្ជីសំណួរ និងការចុះអនុវត្តសាកល្បងជាក់ស្តែងដោយក្រុមការងារប្រមូលទិន្នន័យ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃទិន្នន័យដែលនឹងត្រូវប្រមូល ។
🌱 ការយល់ដឹងពីបញ្ហាប្រឈម និងតម្រូវការបច្ចេកទេសជាក់ស្តែងរបស់កសិករ គឺជាគ្រឹះដ៏សំខាន់សម្រាប់សហគមន៍កសិកម្មផលិតស្រូវពូជ ខេមស៊ីដពេជចង្វារ ក្នុងការរៀបចំផែនការគាំទ្រឱ្យចំគោលដៅ ក្នុងបំណងធានានូវសន្តិសុខស្បៀង និងការប្រកួតប្រជែងទីផ្សារស្រូវអង្ករនៅកម្ពុជា ។
ព័ត៌មានបន្ថែម៖
FNN Facebook: សមាគមបណ្តាញកសិករនិងធម្មជាតិ
Website: www.fnn-kh.org
#កសិកម្មទំនើប #ផលិតគ្រាប់ពូជស្រូវ #កសិកម្មកម្ពុជា

17/03/2026

ទស្សនាវីដេអូបង្ហាញពីសមិទ្ធផល និងផលប៉ះពាល់ជាវិជ្ជមាននៃគម្រោង APFP-FO4A នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះដឹកនាំដោយបណ្តាញកសិករ និងធម្មជាតិ (FNN) និងអនុវត្តដោយអង្គការកសិករថ្នាក់ជាតិចំនួន ៥ រួមមាន៖ FWN, FCFD, CFAP, FAEC និង FAEC-Cambodia។
គម្រោងនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងសហភាពអឺរ៉ុប (EU) ក្រោមការសម្របសម្រួលថ្នាក់តំបន់ដោយសមាគមកសិករអាស៊ី (AFA)។ ទស្សនាវីឌីអូបន្ថែម៖https://tinyurl.com/72ksdjbp
FNN Facebook: facebook.com/fnn2015
Website: www.fnn-kh.org

ការប្រជុំបូកសរុបលទ្ធផលគម្រោង APFP-FO4A កម្រិតថ្នាក់តំបន់……………………………………មោទនភាពសម្រាប់កម្ពុជា! គណៈប្រតិភូតំណាងឱ្យសមាគមបណ្ត...
10/03/2026

ការប្រជុំបូកសរុបលទ្ធផលគម្រោង APFP-FO4A កម្រិតថ្នាក់តំបន់
……………………………………
មោទនភាពសម្រាប់កម្ពុជា! គណៈប្រតិភូតំណាងឱ្យសមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) និងសមាគមបណ្តាញកសិករ និងទឹក (FWN) សរុបចំនួន ៥រូប បានចូលរួមក្នុងកម្មវិធីបូកសរុបលទ្ធផលបញ្ចប់គម្រោង APFP-FO4A កម្រិតថ្នាក់តំបន់ និងកិច្ចប្រជុំគណៈកម្មាការប្រតិបត្តិ (AFA Ex-com) រយៈពេល ៣ថ្ងៃ (២៣-២៥ កុម្ភៈ ២០២៥) នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ។
🌟 សកម្មភាព និងលទ្ធផលសំខាន់ៗ៖
• ការតាំងបង្ហាញផលិតផលខ្មែរ៖ កម្ពុជាបាននាំយកកសិផលសក្តានុពលទៅបង្ហាញលើឆាកអន្តរជាតិ រួមមាន៖ អង្ករសរីរាង្គផ្ការំដួល, ម្រេចត្បូងឃ្មុំ, កាហ្វេមណ្ឌលគីរី និងស្ករត្នោត ។
• ជ័យលាភីការប្រកួតប្រជែង៖ រូបថតកសិករកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបាន ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតកម្រិតតំបន់ និងទទួលបានលិខិតថ្លែងអំណរគុណពី AFA & LVC ។
• ការចែករំលែកបទពិសោធន៍៖ ប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ធាតុចូលលើផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ AFA និងចែករំលែកបទពិសោធន៍លើការងារគាំទ្រយុវកសិករក្នុងសហគមន៍ ។
• បច្ចុប្បន្នភាពគម្រោងថ្មី (FO4I): គម្រោងថ្មីសម្រាប់ឆ្នាំ ២០២៦-២០៣០ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងខែមីនា និងមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្តគាំទ្រដល់អង្គការកសិករ និងសហគមន៍កសិកម្ម ។
កម្មវិធីនេះមានការចូលរួមពីតំណាង ១៤ប្រទេស ក្នុងតំបន់អាស៊ី សរុបប្រមាណ ១០០នាក់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញខ្សែច្រវ៉ាក់តម្លៃកសិកម្មឱ្យកាន់តែប្រសើរឡើង ។
ព័ត៌មានបន្ថែម៖
FNN Facebook: facebook.com/fnn2015
Website: www.fnn-kh.org
#កសិកម្មកម្ពុជា #កសិករខ្មែរលើឆាកអន្តរជាតិ

រយៈពេល ៥ ឆ្នាំនៃការផ្លាស់ប្តូរជីវភាពកសិករខ្នាតតូចនៅកម្ពុជា ជាមួយកម្មវិធី APFP-FO4A…………………………………………ក្នុងរយៈពេល ៥ ឆ្នាំកន្...
10/03/2026

រយៈពេល ៥ ឆ្នាំនៃការផ្លាស់ប្តូរជីវភាពកសិករខ្នាតតូចនៅកម្ពុជា ជាមួយកម្មវិធី APFP-FO4A
…………………………………………
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ (២០២១-២០២៥) កម្មវិធីកសិករអាស៊ី-ប៉ាស៊ីហ្វិក (APFP FO4A) បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្មគ្រួសារនៅកម្ពុជាឱ្យឈានទៅរកភាពទំនើបកម្ម និងនិរន្តរភាព។ ក្រោមការសម្របសម្រួលរបស់សមាគមបណ្តាញកសិករ និងធម្មជាតិ (FNN) និងការគាំទ្រពី IFAD និង សហភាពអឺរ៉ុប (EU) យើងបានសម្រេចនូវសមិទ្ធផលមោទនភាពជាច្រើន៖
🌱 ១. ការបង្កើនប្រាក់ចំណូលតាមរយៈបច្ចេកទេសឆ្លាតវៃ កសិករជាច្រើនបានប្តូរពីការធ្វើកសិកម្មតាមបែបប្រពៃណី មកប្រើប្រាស់ផ្ទះសំណាញ់ និងបច្ចេកទេសកសិកម្មឆ្លាតវៃ (Climate-Smart Agriculture)។ បច្ចេកវិទ្យានេះមិនត្រឹមតែជួយការពារដំណាំពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកសិករអាចដាំដុះបានពេញមួយឆ្នាំ និងទទួលបានប្រាក់ចំណេញជាមធ្យម ៣០០ ដុល្លារក្នុងមួយខែ។
🤝 ២. ការពង្រឹងទីផ្សារ និងកិច្ចសន្យាកសិកម្ម យើងបានជួយភ្ជាប់សហគមន៍កសិកម្ម (AC) ទៅកាន់ទីផ្សារដែលមានស្ថិរភាព តាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែ និងសាច់មាន់ស្រស់ទៅកាន់កម្មវិធីផ្តល់អាហារតាមសាលារៀន និងផ្សារទំនើបនានា។ នេះជាយន្តការធានាតម្លៃ និងកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ។
🚀 ៣. ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម (AC) ជាច្រើនត្រូវបានបណ្តុះបណ្តាលលើការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រមូលផ្តុំទុនវិនិយោគ។ បច្ចុប្បន្ន សហគមន៍ទាំងនោះមានលទ្ធភាពផ្តល់សេវាកម្មដល់សមាជិកកាន់តែប្រសើរ និងមានតម្លាភាព។
👩‍🌾 ៤. ការលើកកម្ពស់តួនាទីស្រ្តី និងយុវជន យើងមានមោទនភាពដែលឃើញស្រ្តីប្រមាណ ៦៤% នៃសមាជិកសរុប បានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្ត និងដឹកនាំសហគមន៍។ យុវជនកសិករក៏កំពុងចាប់យកមុខរបរថ្មីៗដូចជា ការចិញ្ចឹមចង្រិត និងការផលិតពូជស្រូវ ដែលជាអាជីវកម្មមានសក្តានុពលខ្ពស់។
🌍 ទស្សនវិស័យបន្ត FNN នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រីកវិសាលភាពនៃការអប់រំកសិកម្ម និងបង្កើតបណ្តាញទីផ្សារឱ្យកាន់តែទូលំទូលាយ ដើម្បីធានាថា "កសិករខ្មែរមានជីវភាពធូរធារ និងបរិស្ថានបៃតង"។
សូមអានបន្ថែមរឿងរ៉ាវជោគជ័យលម្អិតនៅក្នុងគេហទំព័ររបស់យើង៖ www.fnn-kh.org

#៥ឆ្នាំនៃភាពជោគជ័យ #កសិករនិងធម្មជាតិ

Address

#2B, Street 1952 , Phoum Poung Peay, Sangkat Phnom Penh Tmey, Khan Sen Sok, Phnom Penh (Cambodia)
Toul Kork
12080102

Alerts

Be the first to know and let us send you an email when សមាគមបណ្តាញកសិករនិងធម្មជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមបណ្តាញកសិករនិងធម្មជាតិ:

Share