25/05/2025
ពិធីចែកគោគួរបានចំនួន ៦០ ក្បាល ជូនសាសនិកឥស្លាមទូទាំងខេត្តបាត់ដំបង
==========
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់គោគួរបាន ចំនួន ៦០ ក្បាល ជូនសាសនិកឥស្លាមទូទាំងខេត្តបាត់ដំបង សម្រាប់សម្លេះ ក្នុងពិធីបុណ្យរ៉យ៉ាហាជ្ជី នាពេលខាងមុខនេះ។
ពិធីខាងលើ ធ្វើឡើងស្ថិតនៅភូមិបាសែត ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយគណៈអ៊ីម៉ាំម៉ាស្ជិត អាល់អកហ្សំ និងគណៈអ៊ីម៉ាំខេត្តបាត់ដំបង ដោយជំនួយគោគួរបាននេះ ទទួលបានពី សប្បុរសជននៃប្រទេសម៉ាឡេស៊ី សមាគម Yayasan Ar-Raudhah តាមរយៈអង្គការពន្លឺអនាគតសម្រាប់ធនធានមនុស្សជនបទកម្ពុជា (L.H.R)។ ក្នុងពិធីនេះ ក៏មានមានការអញ្ជើញចូលរួមពី លោកទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង លោកសូហ្វីយ៉ាន តូយ៉េប អ៉ីម៊ាំខេត្តបាត់ដំបង ឯកឧត្តរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអមដំណើរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ន គ្រីយ៉ា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹកជាទីបំផុត។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ឯកឧត្តម បានបន្តអំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការថែរក្សាសុខភាព និងបញ្ជូនកូនចៅចូលសាលាអោយបានគ្រប់ៗគ្នា ដើម្បីអនាគត់គ្រួសារ និងភាពរីកចម្រើនរបស់សង្គមជាតិ។
ជាចុងក្រោយ ឯកឧត្តម ម៉ន គ្រីយ៉ា បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ប្រជាជនម៉ាឡេស៊ី និងសមាគម Yayasan Ar-Raudhah ដែលតែងតែផ្តល់ជំនួយ និងធ្វើសម្មភាពភាពមនុស្សធម៍ជាច្រើន នៅក្នុងសហគមន៍ឥស្លាមកម្ពុជា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ជាមួយរាជរដ្ឋាភិបាល៕