15/09/2026
គណៈគ្រប់គ្រង និងក្រុមការងារ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ប្រជុំពិភាក្សាការងារត្រៀមរៀបចំពិព័រណ៍ផលិតផល និងការងារ ដើម្បីផ្តល់ឱកាសដល់និស្សិត និងពង្រឹងកិច្ចសហការជាមួយដៃគូនានា
រាជធានីភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃីម ដារ័ត្ន អនុប្រធានអចិន្ត្រៃយ៍សាលាថ្នាក់ក្រោយបរិញ្ញាបត្រ និងប្រធានទទួលបន្ទុកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកបណ្ឌិត Amirhossein Taghipour ទីប្រឹក្សាស្រាវជ្រាវអន្តរជាតិ និងក្រុមការងារ បានប្រជុំពិភាក្សាការងារស្តីពីការត្រៀមរៀបចំកម្មវិធីពិព័រណ៍ផលិតផល និងការងារ នៅបន្ទប់សាលាថ្នាក់ក្រោយបរិញ្ញាបត្រ នៃអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងកិច្ចប្រជុំនេះ លោក ឃីម ដារ័ត្ន បានលើកឡើងពីដំណើរការ និងគោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ផលិតផល និងការងារ ដែលគ្រោងនឹងរៀបចំឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ លោកបានបន្តថា កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាផ្សាភ្ជាប់រវាងនិស្សិត និងស្ថាប័ន ឬក្រុមហ៊ុនដៃគូ ដើម្បីបង្កើនឱកាសស្វែងរកការងារ និងការងារហាត់ការ សម្រាប់និស្សិត ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូខាងក្រៅ។
ជាមួយគ្នានេះ ពិព័រណ៍នេះនឹងក្លាយជាវេទិកាសម្រាប់ស្ថាប័ន និងក្រុមហ៊ុនដៃគូ បង្ហាញផលិតផល សេវាកម្ម និងឱកាសការងារ ការផ្លាស់ប្តូរព័ត៌មាន និងការស្វែងរកឱកាសអភិវឌ្ឍសមត្ថភាព។ ជាពិសេស ការរៀបចំកម្មវិធីនេះក៏ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងតម្រូវការ និងសូចនាករពាក់ព័ន្ធនឹង QS World University Rankings ផងដែរ។
ព្រមជាមួយគ្នានេះ លោកបណ្ឌិត Amirhossein Taghipour បានបន្ថែមថា ការរៀបចំពិព័រណ៍នេះត្រូវរៀបចំប្រកបដោយស្តង់ដារជាតិ និងអន្តរជាតិ ដោយផ្តោតលើគុណភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែងសម្រាប់និស្សិត និងស្ថាប័នដៃគូ។ ការរៀបចំកម្មវិធីនេះនឹងជួយបង្កើនការផ្សាភ្ជាប់រវាងការអប់រំ និងទីផ្សារការងារ ផ្តល់ឱកាសឱ្យនិស្សិតអនុវត្តចំណេះដឹង និងស្វែងយល់ពីតម្រូវការជាក់ស្តែង ព្រមទាំងចូលរួមបង្ហាញសកម្មភាពរបស់ពុទ្ធិកសាកលវិទ្យាល័យក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមនិន្នាការ និងស្តង់ដាររបស់សាកលវិទ្យាល័យអន្តរជាតិ។
ជាលទ្ធផល បន្ទាប់ពីការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពកំណត់ពេលវេលារៀបចំពិព័រណ៍នៅចុងខែតុលា ឆ្នាំ២០២៦ និងបានបែងចែកភារកិច្ចជាក់លាក់ដល់ក្រុមការងារ ដើម្បីធានាថាដំណើរការនៃការប្រព្រឹត្តទៅនៃកម្មវិធីប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។