20/04/2026
តាំងនាមថ្នាក់ដឹកនាំ និង សមាជិកសមាជិកា នៃ សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ទូទាំងរាជធានី-ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្តីកង្វល់ និង ព្រួយបារម្ភជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅថា ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតទ្រង់មាន ព្រះរោគមហារីក នៅក្រពេញប្រូស្តាត តាមការពិនិត្យដោយការយកចិត្តទុកដាក់ជាទីបំផុត ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២៦។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ ព្រះជាម្ចាស់ សូមជួយបីបាច់ ថែរក្សា ការពារ ប្រោះព្រំនិង ប្រសិទ្ធិពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយ ព្រះពលានុភាព រឹងមាំ ខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាព ល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា និង សូមឲ្យព្រះអង្គ ទ្រង់ ឆាប់ជាសះស្បើយ ពីព្រះរោគនេះ ដើម្បីគង់ប្រថាប់គ្រងព្រះបរមសេរីរាជសម្បត្តិ និង ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជារាស្រ្តរបស់ព្រះអង្គ ជានិច្ចនិរន្តរៀងទៅ។
សូមព្រះជាម្ចាស់ មេត្តាប្រោសព្រំ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់ បំផុតសូមព្រះអង្គ ទទួលបានភាពជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ ពីសំណាក់ក្រុមគ្រូពេទ្យដ៏ពិសិដ្ឋនៃមន្ទីរពេទ្យ រដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។
សូម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគាវរៈភក្តីភាព និង កត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕