16/09/2026
ព្រៃវែង (១៣ កញ្ញា ២០២៦)៖ ក្រុមយុវជនលើកកម្ពស់ការអប់រំ ដែលកំពុងអនុវត្តគម្រោង «លើកកម្ពស់ទម្លាប់នៃការអានរបស់កុមារ » បានចុះធ្វើការសិក្សាវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោងក្នុងដំណាក់កាលទី១ (ពាក់កណ្តាលគម្រោង) នៅក្នុងសាលាបឋមសិក្សាស្វាយ និង តាមផ្ទះរបស់កុមារផ្ទាល់នៅក្នុងភូមិស្វាយក ភូមិស្វាយខ ភូមិប្រហ៊ូត និង ភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងសកម្មភាពនេះ ក្រុមយុវជនបានចុះសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមគោលដៅ ដែលជាអ្នកទទួលផលពីគម្រោងសរុបចំនួន ៣០នាក់ (ស្រី១៩នាក់)។ ការសិក្សាវាយតម្លៃនេះ ផ្តោតសំខាន់ទៅលើការពិនិត្យវឌ្ឍនភាព កម្រិតនៃការយល់ដឹង ការផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅរបស់អ្នកចូលរួម បញ្ហាប្រឈម និងការប្រមូលមតិយោបល់ពីក្រុមគោលដៅ ដើម្បីធានាថាគម្រោងពិតជាបានឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ផលប្រយោជន៍ដល់សហគមន៍ពិតប្រាកដ។
សូមជម្រាបជូនផងដែរថា សកម្មភាពនេះ គឺការងារស្ម័គ្រចិត្តរបស់យុវជនមួយក្រុម ក្នុងចំណោមក្រុមយុវជនផ្សេងៗទៀត ដែលកំពុងទទួលវគ្គបណ្តុះបណ្តាលពី #អង្គការយុវសន្តិភាព ស្តីពី «ការកសាងខ្លួនល្អ និងភាពជាអ្នកដឹកនាំ» រយៈពេលពេញមួយឆ្នាំ ក្នុងកម្មវិធី #អ្នកដឹកនាំសន្តិភាពវ័យក្មេង។
#យុវសន្តិភាព #អ្នកដឹកនាំសន្តិភាពវ័យក្មេង #យុវជនស្ម័គ្រចិត្ត