04/12/2025
អបអរសាទរអតីតសិស្សសាលារៀនវ៉េស្ទឡាញន៍ត្រូវបានជ្រើសរើសចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)! 🚢🌏
បណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេសឡាញ និងក្លឹបអតីតសិស្សវេសឡាញ(WAC) ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដោយអតីតសិស្សរបស់យើង គឺ កញ្ញា ហ៊ឺ ស៊ីវខេង (SK) ត្រូវបានជ្រើសរើសជាប្រតិភូយុវជនកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីដ៏មានកិត្យានុភាពគឺ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)។
កញ្ញា ស៊ីវខេង ជាអតីតសិស្សសាលារៀនវ៉េស្ទឡាញន៍សាខាសន្ធរម៉ុកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា ២០២២-២០២៣ ហើយបច្ចុប្បន្នជានិស្សិតកំពុងសិក្សាបរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈ។ កញ្ញា ស៊ីវខេង គឺជាយុវតីដែលមានភាពរួសរាយ ស្រស់ស្រាយ និងមានចិត្តចង់ចេះចង់ដឹង និងមានសមត្ថភាពទំនាក់ទំនងជា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ កញ្ញា ស៊ីវខេង ជឿជាក់យ៉ាងមុតមាំថា ការទំនាក់ទំនងគឺជាស្ពានដ៏សំខាន់ដែលភ្ជាប់វប្បធម៌ និងបេះដូងនៅទូទាំងពិភពលោក។
ក្នុងនាមជាយុវតីខ្មែរមួយរូបដែលមានចិត្តទូលាយ សកម្ម និងពោរពេញដោយថាមពលវិជ្ជមាន កញ្ញា ស៊ីវខេង តែងតែប្រើប្រាស់គ្រប់ឱកាសទាំងអស់ជាការរៀនសូត្រពីអ្នកដទៃ និងផ្លាស់ប្តូរឧបសគ្គឱ្យក្លាយជាបទពិសោធន៍ជីវិតដ៏មានអត្ថន័យ។ តាមរយៈកម្មវិធីអន្តរជាតិនេះ នាងសង្ឃឹមថានឹង ស្វែងយល់ពីវប្បធម៌ចម្រុះ កសាងមិត្តភាពយូរអង្វែង និងអបអរសាទរនូវភាពរួបរួមនៃប្រជាជាតិនានា ដែលវេញរួមគ្នាជាធ្លុងមួយ។
បណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេសឡាញនិងក្លឹបអតីតសិស្សវេសឡាញ សូមអបអរសាទរ កញ្ញា ស៊ីវខេង ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ ហើយសូមជូនពរឱ្យនាងទទួលបានផ្លែផ្កាពីដំណើរទស្សនកិច្ចដ៏មានតម្លៃនេះ!
កម្មវិធីកប៉ាល់យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) គឺជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍យុវជនប្រចាំឆ្នាំដែលរៀបចំឡើងដោយការិយាល័យគណៈរដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដោយសហការជាមួយរដ្ឋាភិបាលនៃប្រទេសនៅអាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជននៃប្រទេសជប៉ុន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។