17/08/2026
កុំបញ្ឈប់ការសិក្សា ព្រោះការសិក្សាគឺជាពន្លឺនៃជីវិត!
នៅក្នុងដំណើរនៃជីវិតរបស់មនុស្សម្នាក់ៗ អ្វីដែលមិនអាចខ្វះបាននោះគឺ "ការសិក្សារៀនសូត្រ" នេះគឺជាសច្ចភាពមួយដែលមិនអាចប្រកែកបាន ជាពិសេសនៅក្នុងបរិបទយុគសម័យសកលភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្ម ឬយុគសម័យឌីជីថល ដែលពិភពលោកកំពុងវិវឌ្ឍទៅមុខក្នុងល្បឿនយ៉ាងលឿនដែលនឹកស្មានមិនដល់។
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍កំពុងក្តោបក្តាប់ពិភពលោក ចំណេះដឹងដែលយើងមានកាលពីប្រាំឆ្នាំមុន អាចនឹងហួសសម័យនៅថ្ងៃនេះ។
ការបញ្ឈប់ការសិក្សា គឺស្មើនឹងការបិទភ្នែកដើរក្នុងទីងងឹត ឬការដើរថយក្រោយ ខណៈដែលមនុស្សរាប់លាននាក់កំពុងរត់ទៅមុខ ការសិក្សានៅទីនេះ មិនមែនសំដៅត្រឹមតែការអង្គុយក្នុងថ្នាក់រៀន ឬការទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យនោះទេ ប៉ុន្តែវាគឺជា "ការសិក្សាពេញមួយជីវិត" ពោលគឺការបើកចិត្តទទួលយកចំណេះដឹងថ្មីៗ ជំនាញថ្មីៗ និងការរៀនពីបទពិសោធន៍ជុំវិញខ្លួន។
ការសិក្សាគឺជាពន្លឺដែលជួយបំភ្លឺផ្លូវ ឱ្យយើងមើលឃើញពីឱកាស ស្គាល់ពីហានិភ័យ និងចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដោយភាពជឿជាក់។
យើងគួរក្រឡេកទៅមើលអ្នកប្រាជ្ញកំពូលៗនៅលើពិភពលោក ដូចជា លោក អាល់បឺត អាញស្តាញ ដែលជាអ្នកប្រាជ្ញរូបវិទ្យាដ៏អស្ចារ្យបំផុតបានលើកឡើងថា... "នៅពេលដែលអ្នកបញ្ឈប់ការរៀនសូត្រ គឺមានន័យថាអ្នកចាប់ផ្តើមស្លាប់ហើយ" ទស្សនៈនេះសបញ្ជាក់យ៉ាងច្បាស់ថា ជីវិតដែលគ្មានការរៀនសូត្របន្ថែម គឺជាជីវិតដែលនៅទ្រឹង គ្មានការលូតលាស់ខាងបញ្ញាស្មារតី និងបាត់បង់ថាមពលក្នុងការរស់នៅប្រកបដោយអត្ថន័យ។
ចំណែកឯលោក សូក្រាត ក៏បាននិយាយថា... "ខ្ញុំដឹងរឿងតែមួយគត់ គឺខ្ញុំមិនដឹងអ្វីទាំងអស់" នេះគឺជាផ្នត់គំនិតនៃការបន្ទាបខ្លួន និងការស្រេកឃ្លានចំណេះដឹងជានិច្ច ទោះបីជាយើងឈានដល់ចំណុចកំពូលណាមួយក៏ដោយ។
ប្រសិនបើយើងក្រឡេកមកមើលមហាសេដ្ឋី និងជាមេដឹកនាំបច្ចេកវិទ្យាក្នុងយុគសម័យនេះវិញ ភាពជោគជ័យរបស់ពួកគេសុទ្ធតែផ្តើមចេញពីការពឹងផ្អែកទាំងស្រុងលើ "ការមិនឈប់រៀនសូត្រ"
- លោក ប៊ីល ហ្គេត (Bill Gates) ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ ជាមហាសេដ្ឋីលំដាប់ពិភពលោក ប៉ុន្តែលោកមិនដែលបោះបង់ទម្លាប់អានសៀវភៅឡើយ ជារៀងរាល់ឆ្នាំ លោកអានសៀវភៅប្រមាណ ៥០ ក្បាល។ លោកតែងតែចាត់ទុកសៀវភៅនិងការសិក្សាស្រាវជ្រាវ ជាប្រភពពន្លឺដែលជួយលោកឱ្យយល់ពីពិភពលោក និងដោះស្រាយបញ្ហាសកលធំៗ។
- លោក អេឡុន ម៉ាស (Elon Musk) បុរសដែលចង់នាំមនុស្សជាតិទៅកាន់ភពអង្គាររូបនេះ មិនមែនរៀនចប់ផ្នែកវិស្វកម្មអវកាសនោះទេ ប៉ុន្តែនៅពេលដែលគេសួរលោកថា តើលោកចេះសាងសង់រ៉ុក្កែតដោយរបៀបណា លោកបានឆ្លើយយ៉ាងខ្លីថា... "ខ្ញុំអានសៀវភៅ" នេះបង្ហាញថា ក្នុងយុគសម័យព័ត៌មានវិទ្យា ការរៀនសូត្រដោយខ្លួនឯង មានថាមពលអស្ចារ្យបំផុត ដែលអាចប្រែក្លាយរឿងដែលមិនអាចទៅរួច ឱ្យក្លាយជាការពិត។
- លោក វ៉ារិន បាហ្វេត (Warren Buffett) មហាសេដ្ឋីវិនិយោគដ៏ល្បីល្បាញ បានចំណាយពេល ៨០% នៃម៉ោងធ្វើការប្រចាំថ្ងៃរបស់លោក ដើម្បីអាននិងគិត, លោកបានប្រៀបធៀបចំណេះដឹងទៅនឹង "ការប្រាក់ទ្វេគុណ" គឺវានឹងកើនឡើងបន្តិចម្តងៗរហូតក្លាយជាផលដ៏មហិមានៅថ្ងៃអនាគត។
"ការសិក្សា" មិនមែនជាបន្ទុក តែជាអំណោយដ៏មានតម្លៃបំផុតដែលមនុស្សជាតិអាចផ្តល់ឱ្យខ្លួនឯង។ នៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែង និងភាពមិនប្រាកដប្រជា ពន្លឺនៃទ្រព្យសម្បត្តិអាចនឹងរលត់ ពន្លឺនៃអំណាចអាចនឹងសាបសូន្យ ប៉ុន្តែ "ពន្លឺនៃបញ្ញា និងចំណេះដឹង" នឹងនៅតែបន្តស្ថិតស្ថេរក្នុងខ្លួនយើង ជួយដឹកនាំជីវិតយើងឱ្យឆ្លងកាត់រាល់ឧបសគ្គ។
ដូច្នេះ សូមកុំឱ្យវ័យកាល កាលៈទេសៈ ឬភាពមមាញឹកណាមួយ មកពន្លត់ភ្លើងនៃការសិក្សារបស់អ្នកឱ្យសោះ ចូរបន្តអាន បន្តសង្កេត បន្តសួរ និងបន្តរៀនសូត្រជារៀងរាល់ថ្ងៃ រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅជាមួយគ្នា និងរៀនដើម្បីអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាកំណែទម្រង់ដ៏ល្អបំផុត ព្រោះទីណាមានការសិក្សា ទីនោះមានពន្លឺ ទីណាមានពន្លឺ ទីនោះមានក្តីសង្ឃឹម និងភាពជោគជ័យដ៏ពិតប្រាកដ!
ចង់ឱ្យកូនខ្មែរ ស្រឡាញ់ការសិក្សា!
_____សុវត្ថន៍-Sovathn