22/08/2025
នេះជាសមិទ្ធិផលថ្មីស្រឡាងមួយទៀតរបស់អង្គការ ARD តាមរយៈការគាំទ្របច្ចេកទេសដល់សហគមន៍កសិកម្មក្នុងការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចកសិកម្ម។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥, សហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វារ ដែលស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីអនុវត្ដទៅលើធុរកិច្ចកសិកម្មចំនួន ២ សំខាន់ៗគឺ (១) ធុរកិច្ចកសិកម្មដាំដុះបន្លែចម្រុះក្នុងផ្ទះសំណាញ់ និង (២) ធុរកិច្ចកសិកម្ម ផលិតស្រូវពូជ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក។
សហគមន៍ មានសមាជិកចូលរួមសរុបចំនួន ៤០គ្រួសារដែលបានចងក្រងដើម្បីធ្វើផលិតកម្មស្រូវពូជ ដែលផ្ទៃដីស្រែចំនួន ៦២,៥ហិកតា សម្រាប់ផលិតកម្មស្រូវពូជ រួមមាន ផ្កាក្រវ៉ាន់ សែនក្រអូប និងស្រង៉ែ ដែលអាចផ្តល់ទិន្នផលសរុបប្រមាណ ៣តោន/ហ.ត ឬ ៣៧៥តោនឆ្នាំ (ផលិតកម្ម ២ដង/ឆ្នាំ) ឬ ១ ១៤៨តោន សម្រាប់រយៈពេល ៣ឆ្នាំ។ ផ្ទៃដីស្រែចំនួន ២០ហិកតា សម្រាប់ផលិតកម្មស្រូវពូជផ្ការំដួល ដែលអាចផ្តល់ទិន្នផលសរុបប្រមាណ ៣តោន/ហ.ត ឬ ៦០តោនឆ្នាំ (ផលិតកម្ម ១ដង/ឆ្នាំ) ឬ ១៨៤តោន សម្រាប់រយៈពេល ៣ឆ្នាំ។
សហគមន៍ក៏បានស្នើសុំសាងសង់ផ្ទះសំណាញ់ចំនួន ៤៨ខ្នង (១៥ខ្នង សម្រាប់កម្រិតសហគមន៍ និង៣៣ខ្នងសម្រាប់កម្រិតក្រុមផលិត) ដែលមានសមាជិកចូលរួមសរុបចំនួន ២២គ្រួសារ ដោយនឹងសង្ឃឹមថា អាចផ្តល់ទិន្នផលសរុបប្រមាណ ១៦៨តោន/ឆ្នាំ ឬ ៥១៤តោន សម្រាប់រយៈពេល ៣ឆ្នាំ។