27/08/2025
រដ្ឋប្រមូលពន្ធដារ និងពន្ធគយបានជាង ៣ ០០០លានដុល្លារ ក្នុងឆមាសទី១
ភ្នំពេញ៖ កម្ពុជា ប្រមូលចំណូលពីពន្ធដារ និងពន្ធគយបាន ១៣ ១៣៤ ៩៧៤លានរៀល (ប្រមាណ ៣ ២៧៤លានដុល្លារអាម៉េរិក) ក្នុងឆ្នាំទី១។ ក្នុងនោះ មាន ៧ ១៨៦ ០៦១លានរៀល (ជិត១ ៨០០លានដុល្លារ) គឺបានពីការប្រមូលពន្ធដារ ស្មើនឹង៥១,១ភាគរយនៃផែនការប្រចាំឆ្នាំ២០២៥ ខណៈចំណូលពីពន្ធគយសម្រេច៥៨,៦ភាគរយ។ នេះយោងតាមរបាយការណ៍ឆមាសទី១របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
TTN-Free-Banner-In-Article-PC
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ចំណូលជាតិពីការប្រមូលពន្ធដារបាន ៧ ១៨៦ ០៦១លានរៀល នៅក្នុងឆមាសទី១កន្លងមកនេះ គឺខ្ពស់ជាង៣,២ពិន្ទុ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលអនុវត្តបាន៤៧,៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។ បើគិតជាសាច់ប្រាក់វិញ ចំណូលពីពន្ធដារបានកើន២,៥ភាគរយ។ ការណ៍នេះ ក៏ព្រោះតែពន្ធលើប្រាក់ចំណូលដែលគ្របដណ្តប់ប្រមាណ ៥១ភាគរយ នៃចំណូលពន្ធដារថវិកាថ្នាក់ជាតិសរុបនោះ គឺអនុវត្តបាន ៥៦,៣ភាគរយ និងពន្ធលើប្រាក់បៀវត្ស ដែលគ្របដណ្តប់ប្រមាណ ១២ភាគរយ អនុវត្តបាន ៤៥,៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។
ជាមួយគ្នានេះ អាករលើតម្លៃបន្ថែម (របបផ្ទៃក្នុង) ដែលគ្របដណ្តប់ប្រមាណ ២៧ភាគរយ នៃចំណូលពន្ធដារ ថវិកាថ្នាក់ជាតិសរុប គឺត្រូវបានអគ្គនាយកដ្ឋានពន្ធដារអនុវត្តបាន ៤៩,៦ភាគរយ ខណៈអាករពិសេសលើទំនិញ និងសេវាក្នុងស្រុកដែលគ្របដណ្តប់ប្រមាណ៩ភាគរយ អនុវត្តបានដល់៣៣,៨ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។
« ជារួម, ការប្រមូលចំណូលពន្ធដារនៅឆមាសទី ១ ឆ្នាំ ២០២៥ គឺអនុវត្តបានខ្ពស់ជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ដោយសារចំណូលពីពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមមានកំណើនល្អ»។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បែបនេះនៅក្នុងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តថវិកាឆមាសទី២ នៃឆ្នាំ២០២៥។
ទោះជាយ៉ាងនេះក្តី, តាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច រហូតដល់ដំណាច់ឆ្នាំ ចំណូលពន្ធដារ (ថ្នាក់ជាតិ) គឺអាចនឹងសម្រេចបានត្រឹមប្រមាណ ៨៦,៥ភាគរយប៉ុណ្ណោះនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ដែលមានទំហំ១៤ ០៥៣ ៦៩១លានរៀល (ប្រមាណ ៣ ៥០០លានដុល្លារ)។ ក្រសួងបានបញ្ជាក់ថា ការមិនសម្រេចបានតាមផែនការប្រចាំឆ្នាំនេះ គឺដោយសារតែការបន្តថមថយនៃពន្ធលើប្រាក់ចំណូល, អាករលើតម្លៃបន្ថែម និងអាករពិសេស ខណៈចំណូលពីវិស័យមួយចំនួន រួមមាន វិស័យ សាងសង់ និងអចលនទ្រព្យ ត្រូវបានរំពឹងទុកថានឹងបន្តមានកំណើនយឺត គួបផ្សំជាមួយនឹងការបន្តអនុវត្តគោលនយោបាយលើកទឹកចិត្តនានា។
ដោយឡែក ចំណូលពីវិស័យពន្ធគយវិញដែលរដ្ឋប្រមូលបាន ៥ ៩៤៨ ៩១៣លានរៀល នៅក្នុងឆមាសទី១ ស្មើនឹង៥៨,៦ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។ ចំនួននេះ គឺខ្ពស់ជាង១៦,៥ពិន្ទុ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ ជាការសម្គាល់របស់ក្រសួងសេដ្ឋកិច្ច ភាពល្អប្រសើរនៃចំណូលនេះ គឺដោយសារទីផ្សាររថយន្តងើបឡើងវិញ ក៏ប៉ុន្តែនៅភាពផុយស្រួយអាស្រ័យលើស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក និងរំហូរនៃការវិនិយោគជាដើម។
បើពិនិត្យលើរចនាសម្ព័ន្ធពន្ធអាករដែលប្រមូលបានក្នុងឆមាសទី១ឃើញថា អគ្គនាយកគយ និងរដ្ឋាករកម្ពុជាពន្ធលើការនាំចូលអនុវត្តបាន៤៨,៨ភាគរយ និងអាករលើការនាំចេញបានដល់១២១,១ភាគរយ នៃផែនការច្បាប់ ដោយសារការនាំចេញ ខ្សាច់បន្តមានសកម្មភាពល្អ។ ចំពោះ អាករពិសេសលើទំនិញមួយចំនួននៃរបបនាំចូលអនុវត្តបាន៦៣,៣ភាគរយ និង អាករលើតម្លៃបន្ថែមនៃរបបនាំចូលអនុវត្តបាន ៥៧,២ភាគរយ នៃផែនការច្បាប់។
បើពិនិត្យលើប្រភពចំណូលសំខាន់ៗវិញនោះឃើញថា ចំណូលពីមុខទំនិញយានយន្តនិងគ្រឿងចក្រ ដែលគ្របដណ្តប់ប្រមាណ៣៦,២ភាគរយនៃចំណូល សរុប បានកើន ៥០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ ចំណូលពីមុខទំនិញចម្រុះ ដែលគ្របដណ្តប់ប្រមាណ ៣២,៣ភាគរយ នៃចំណូលសរុបកើន ១៣,២ភាគរយ ចំណូលពីមុខទំនិញគ្រឿងសំណង់ដែលគ្របដណ្តប់ប្រមាណ ៦,៣ភាគរយកើន ៣១,៤ភាគរយ និងកម្រៃនិងចំណូលផ្សេងៗ ដែលគ្របដណ្តប់ប្រមាណ ១,៥ភាគរយ នៃចំណូលសរុបកើន៦,៨ភាគរយ ខណៈចំណូលពីមុខទំនិញផលិតផលតេលសិលាដែលគ្របដណ្តប់ប្រមាណ ២៣,៧ភាគរយ ថយចុះ -១,១ភាគរយ ។
ជារួម, ការប្រមូលចំណូលគយនិងរដ្ឋាករ ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ មាននិន្នាការកើន និងតាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ, ចំណូលគយ និងរដ្ឋាករអាចនឹងសម្រេចបានប្រមាណ ១១១,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។ នេះជាការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតាមផែនការប្រចាំឆ្នាំ អគ្គនាយកដ្ឋានត្រូវប្រមូលចំណូលចូលថវិកាជាតិក្នុងទំហំទឹកប្រាក់សរុប ១០ ១៤៥ ៦៨០លានរៀល (ប្រមាណ ២ ៥០០លានដុល្លារអាម៉េរិក)៕