16/09/2026
ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ អង្គការ CENTRAL បានកត់ត្រាករណីកូដកម្ម បាតុកម្ម និងវិវាទការងារចំនួន ២៧ ករណី ដែលមានការចូលរួមពីកម្មករនិយោជិតជាង ៣៤,០០០ នាក់នៅទូទាំងប្រទេសកម្ពុជា។ ការពិតដែលថាប្រមាណបីភាគបួននៃករណីទាំងនេះកើតឡើងក្នុងវិស័យកាត់ដេរ និងស្បែកជើង បង្ហាញថាកម្មករនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរទាក់ទងនឹងប្រាក់ឈ្នួល អត្ថប្រយោជន៍ការងារ សន្តិសុខការងារ ការគោរពសេចក្តីថ្លៃថ្នូរក្នុងកន្លែងធ្វើការ និងសេរីភាពខាងសមាគម។
ទោះបីជាកម្មករអាចទាមទារបានមកវិញនូវប្រាក់ឈ្នួល សំណង និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងហោចណាស់ ៣២៦,៧៦០ ដុល្លារអាមេរិក តាមរយៈសកម្មភាពសមូហភាព និងយន្តការដោះស្រាយវិវាទក៏ដោយ ប៉ុន្តែចំនួនវិវាទការងារដែលនៅតែបន្តកើតមានបានឆ្លុះបញ្ចាំងពីចំណុចខ្សោយក្នុងការអនុវត្តច្បាប់ការងារ ប្រសិទ្ធិភាពក្នុងការធ្វើអធិការកិច្ចជាប្រព័ន្ធ និងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ បញ្ហាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារនៅតែជាមូលហេតុចម្បងដែលជំរុញឱ្យមានការតវ៉ារបស់កម្មករ ខណៈការរើសអើងសហជីព ការរំលោភសេរីភាពខាងសមាគម និងការបំពានលើសេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការក៏ជាកត្តាសំខាន់ផងដែរ។
យើងអំពាវនាវឱ្យរាជរដ្ឋាភិបាល និយោជក និងក្រុមហ៊ុនអ្នកបញ្ជាទិញអន្តរជាតិ រួមគ្នាដោះស្រាយបញ្ហាឫសគល់នៃវិវាទការងារទាំងនេះ តាមរយៈការពង្រឹងការអនុវត្តច្បាប់ការងារ ធានាការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ឱ្យបានទាន់ពេលវេលា គោរពសិទ្ធិកម្មករក្នុងការបង្កើត និងចូលរួមសហជីព និងលើកកម្ពស់កិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ និងមានអត្តន័យ។ សន្តិសុខការងារ ក្នុងវិស័យការងារមិនអាចសម្រេចបានដោយការទប់ស្កាត់ការតវ៉ារបស់កម្មករនោះទេ ប៉ុន្តែត្រូវធានាឱ្យមានការគោរពសិទ្ធិ និងការដោះស្រាយកង្វល់របស់កម្មករដោយយុត្តិធម៌។
"ចំនួនវិវាទការងារ និងការតវ៉ាដែលបានកត់ត្រាក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៦ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កម្មករជាច្រើននៅតែប្រឈមនឹងអសន្តិសុខផ្នែកសេដ្ឋកិច្ច និងការរំលោភសិទ្ធិការងារ។ សន្តិសុខការងារ និងស្ថេរភាពការងារយូរអង្វែងក្នុងវិស័យឧស្សាហកម្ម អាចកើតមានបានលុះត្រាតែមានការគោរពសេរីភាពខាងសមាគម ការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព និងការដោះស្រាយកង្វល់របស់កម្មករតាមរយៈកិច្ចសន្ទនាប្រកបដោយអត្ថន័យ។"..................
Briefing Paper: Strikes and Protests in Cambodia
Between January and September 2026, CENTRAL documented 27 strikes, protests, and labor disputes involving approximately 34,455 workers across Cambodia.
PDF:https://central-cambodia.org/storage/attachments/537/Strikes-and-Protests-in-Cambodia-%28January-September-2026%29.pdf
Link: https://central-cambodia.org/publication/reports/labor-monitoring/briefing-paper-strikes-and-protests-in-cambodia