15/10/2026
សមាគមសណ្ឋាគារកម្ពុជា សាខាកំពត-កែប សហការជាមួយក្រុមហ៊ុន Aleph Cambodia និង TikTok រៀបចំវគ្គបណ្តុះបណ្តាល «Aleph Roadshow» ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ប្រតិបត្តិករទេសចរណ៍មូលដ្ឋាន
ខេត្តកំពត — ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ — ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារ និងវិសាលភាពវិស័យទេសចរណ៍ក្នុងតំបន់ សមាគមសណ្ឋាគារកម្ពុជា (CHA) សាខាកំពត-កែប បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Aleph Cambodia និង TikTok for Business រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ក្រោមប្រធានបទ «Aleph Roadshow: ពង្រីកវិសាលភាពអាជីវកម្មរបស់អ្នកជាមួយ TikTok» នៅរីសត Good Time Relax Resort ខេត្តកំពត។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមអធិបតីពីសំណាក់ លោកជំទាវ មុយ វីរ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលជានិច្ចកាលតែងតែគាំទ្រយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងប្រតិបត្តិករទេសចរណ៍ជាច្រើនរូបផងដែរ។
ថ្លែងក្នុងសុន្ទរកថាបើក លោក ឡាយ អជដា ប្រធានសមាគមសណ្ឋាគារកម្ពុជា សាខាកំពត-កែប បានគូសបញ្ជាក់ពីសារសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដោយចាត់ទុកថា ការយល់ដឹងពីទីផ្សារឌីជីថលគឺជាកត្តាគន្លឹះដែលមិនអាចខ្វះបានសម្រាប់ប្រតិបត្តិករទេសចរណ៍។
«នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជា និងការធ្វើបរិវត្តកម្មឌីជីថល ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលគឺជារឿងចាំបាច់បំផុត» ថ្លែងដោយ លោក ឡាយ អាឆេដា។ «ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ TikTok បានក្លាយជាប្រព័ន្ធស្វែងរកព័ត៌មានសកល (Global Search Engine) ដែលយុវវ័យជំនាន់ថ្មី និងភ្ញៀវទេសចរប្រើប្រាស់។ តាមរយៈទស្សនទាន “មនុស្សទុកចិត្តលើមនុស្ស” បេសកកម្មរបស់យើងគឺជំរុញខេត្តកំពត និងកែប ឱ្យឈានឆ្ពោះទៅកម្រិតថ្មី ត្រៀមខ្លួនប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍ល្បីៗក្នុងតំបន់ ដូចជា កោះបាលី កោះភូគុក និងក្របី ដើម្បីប្រែក្លាយតំបន់យើងឱ្យទៅជាគោលដៅទេសចរណ៍ដែលត្រូវតែមកទស្សនា (Must-Visit Destination) នៅអាស៊ីអាគ្នេយ៍»។
បន្ថែមពីលើនេះ លោកប្រធានសមាគមបានលើកឡើងនូវអនុសាសន៍យុទ្ធសាស្ត្រសំខាន់ៗពីរជូនដល់វិនិយោគិន និងម្ចាស់អាជីវកម្ម៖
១. ចៀសវាងសង្គ្រាមតម្លៃ (Price War) ដែលនាំឱ្យគុណភាពសេវាកម្មធ្លាក់ចុះ និងប៉ះពាល់ដល់រូបភាពគោលដៅទេសចរណ៍ទាំងមូល។
២. បង្វែរការវិនិយោគទៅលើវិស័យម្ហូបអាហារ-ភេសជ្ជៈ (F&B) និងការបង្កើតកន្លែងកម្សាន្តថ្មីៗ (Attractions) ដើម្បីបង្កើនការទាក់ទាញ និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។
លោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម CHA និងក្រុមហ៊ុន Aleph Cambodia ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង ដែលជាសក្ខីភាពបញ្ជាក់ពីកម្លាំងចលករដ៏ខ្លាំងក្លារបស់វិស័យឯកជនក្នុងការរួមចំណែកអភិវឌ្ឍន៍សសរស្តម្ភសេដ្ឋកិច្ចទេសចរណ៍ក្នុងខេត្តកំពត និងកែប។