19/05/2026
📍📅 ១៤-១៧ ឧសភា ២០២៦ ក្នុងខេត្តកែប និងខេត្តកំពត៖ ខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលត្រូវបានក្រុមការងារ នៃ Cambodian Youth Network - CYN អញ្ជើញជាវាគ្មិនកិត្តិយសក្នុងការចែករំលែកក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ #មូលដ្ឋានគ្រឹះនៃការតស៊ូមតិ #យន្តការសិទ្ធិមនុស្ស និង #អ្នកការពារសិទ្ធិមនុស្សវ័យក្មេង” ដែលមានអ្នកចូលរួមសរុបចំនួន ១៩ អង្គ/នាក់ (ព្រះសង្ឃ ១ អង្គ និងស្ត្រី ១១ នាក់) ដែលសុទ្ធតែជានិស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ។
🌟🌟🌟វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង៖
•ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីមូលដ្ឋានគ្រឹះនៃការតស៊ូមតិ យន្តការសិទ្ធិមនុស្ស និងតួនាទីរបស់អ្នកការពារសិទ្ធិមនុស្សវ័យក្មេង
•ដើម្បីជម្រុញការចូលរួមជាសាធារណៈរបស់យុវជនក្នុងការគិតគូរអំពីបញ្ហាសង្គម សិទ្ធិមនុស្ស និងសិទ្ធិបរិស្ថាន
•ដើម្បីពង្រឹងសមត្ថភាពយុវជនក្នុងការប្រើប្រាស់វិធីសាស្ត្រតស៊ូមតិដោយសន្តិវិធី ប្រកបដោយការទទួលខុសត្រូវ និងសហវិជ្ជមាន
•ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងល្អ និងកិច្ចសហការល្អក្នុងចំណោមយុវជន អ្នករៀបចំ និងវាគ្មិនកិត្តិយស ។
🔎👀🔍តាមរយៈការសង្កេតជាទូទៅបានបង្ហាញថាៈ គ្រូឧទ្ទេសបានប្រើប្រាស់វិធីសាស្ត្របណ្តុះបណ្តាលតាមបែបចូលរួម ដោយលើកទឹកចិត្តឲ្យអ្នកចូលរួមមានឱកាសក្នុងការបញ្ចេញមតិយោបល់ ការពិភាក្សាក្រុម ការលេងល្បែងឆ្លុះបញ្ចាំង ការអនុវត្តករណីសិក្សា ការធ្វើតេស្តមុន និងក្រោយវគ្គ ជាពិសេសលំហាត់ “ #វេទិកាគណៈប្រតិភូត្រាប់” និងការឆ្លុះបញ្ចាំងតួនាទីរបស់យុវជនជាដើម ដើម្បីឲ្យសិក្ខាកាមអនុវត្តជាក់ស្តែងលើការតស៊ូមតិ ការប្រើប្រាស់សម្លេងសាធារណៈ និងការចូលរួមក្នុងកិច្ចការសង្គមប្រកបដោយអត្ថន័យ ។
🌱✊ជាលទ្ធផលនៃការវាយតម្លៃជារួម បានបង្ហាញថាៈ អ្នកចូលរួមប្រមាណ ៨៥% បានកើនចំណេះដឹង និងការយល់ដឹងលើការតស៊ូមតិ យន្តការសិទ្ធិមនុស្ស និងតួនាទីរបស់អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ជាពិសេសការយល់ដឹងអំពីការចូលរួមជាសាធារណៈ ការគិតបែបវិភាគ និងការប្រើប្រាស់វិធីសាស្ត្រដោយសន្តិវិធីក្នុងការគិតគូរអំពីបញ្ហាសង្គម និងសហគមន៍របស់ខ្លួន ។
🌊🌿ដោយឡែក នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការរៀបចំ វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ ក៏បានចុះទស្សនកិច្ចសិក្សា និងជួបពិភាក្សាជាមួយលោកស្រីអនុប្រធានសហគមន៍នេសាទ និងអេកូទេសចរណ៍កំពង់សាមគ្គី ស្រុកទឹកឈូ ខេត្តកំពត ដើម្បីសិក្សាស្វែងយល់អំពីសាវតា បញ្ហាប្រឈម សក្តានុពល និងការចូលរួមរបស់សហគមន៍ក្នុងការការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍អេកូទេសចរណ៍មូលដ្ឋាន ។ ទន្ទឹមនឹងនេះ ក្រុមការងារ និងសិក្ខាកាមក៏បានចូលរួមដាំដើមកោងកាងចំនួន ១៥០ ដើមនៅក្នុងសហគមន៍កំពង់សាមគ្គីផងដែរ ដែលជាសកម្មភាពមួយក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន និងនិរន្តរភាពធនធានធម្មជាតិ ។
🙏🥰🙏 ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ Cambodian Youth Network - CYN ដែលបានផ្តល់ទំនុកចិត្ត និងឱកាសដ៏មានតម្លៃនេះ ក៏ដូចជាការរៀបចំសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ។ ទន្ទឹមនឹងនេះ ខ្ញុំបាទក៏សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយភាពច្នៃប្រឌិត ស្មារតីទទួលខុសត្រូវសង្គម និងឆន្ទៈក្នុងការក្លាយជាយុវជនដែលចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងសហគមន៍របស់ខ្លួន ។
#ពកក #យុវជន #សិទ្ធិមនុស្ស #អ្នកការពារសិទ្ធិមនុស្ស #ការតស៊ូមតិ #សហគមន៍ #បរិស្ថាន #កោងកាង