07/10/2026
នាយករដ្ឋមន្ត្រី៖ យន្តការការទូតនិងផ្លូវច្បាប់ នឹងចំណាយពេលយូរ តែវាអាចបញ្ចប់ជម្លោះព្រំដែន
សម្តេច នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា ការចុះកិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនដើម្បីបញ្ឈប់ការឈប់បាញ់ ហើយប្រគល់ដីទៅសត្រូវឡើយ។
ថ្លែងពីពិធីអបអរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ព្រឹកថ្ងៃទី៧ ខែតុលា ប្រមុខរាជរដ្ឋាភិបាល រំឭកឡើងវិញ នៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ គឺមានចំណុចសំខាន់ៗមួយចំនួន គឺផ្អាកការបាញ់គ្នាភ្លាមៗ ហើយទាហាននៃប្រទេសទាំងពីរ ត្រូវនៅឈរជើងនៅចំណុច ដែលខ្លួនស្ថិតនៅ គិតត្រឹមថ្ងៃចុះកិច្ចព្រមព្រៀង ជាបណ្តោះអាសន្ន។ ចំណុចទី៣ ដែលសំខាន់ គឺការចាប់ផ្តើមការចុះវាស់វែង និងកំណត់ព្រំដែន របស់គណៈកម្មការព្រំដែន។
«យើងចរចាបញ្ឈប់ថ្ងៃទី២៧ ខែធ្នូ។ បញ្ចប់ការឈប់បាញ់ មិនមែនបញ្ឈប់ការបាញ់គ្នា ហើយឱ្យដីទៅគេទេ! គឺផ្អាកការបាញ់គ្នា ហើយទាហាននៅឈរជើង នៅចំណុចដែលខ្លួនស្ថិតនៅត្រឹមថ្ងៃចុះកិច្ចព្រមព្រៀង។ ចំណុចទី៣ គឺចាប់ផ្តើមវាស់វែង ដើម្បីកំណត់ព្រំដែន ហើយក៏មិនមែនទាហាន(អ្នក)កំណត់ព្រំដែនដែរ។»។ សម្តេច បញ្ជាក់បែបនេះ ដោយបន្តថា មកទល់សព្វថ្ងៃ បញ្ហាចោទ គឺការចុះអនុវត្តជាក់ស្តែងរបស់ក្រុមការងារវាស់វែង និងកំណត់បង្គោលព្រំដែន។
ប្រមុខរាជរដ្ឋាភិបាល ក៏រំឭកដែរថា កិច្ចការងារដែលត្រូវធ្វើគឺចុះវាស់វែងនោះទៀតសោត មិនមែនវាស់វែង ដើម្បីកំណត់ទីតាំង និងបោះបង្គោលព្រំដែនថ្មីនោះទេ ប៉ុន្តែ គឺការចុះ បញ្ជាក់ ឡើងវិញ ទីតាំងនិងបង្គោលព្រំដែនដែលបានវាស់វែងពី១០០ឆ្នាំមុន តាមសន្និសញ្ញា បារាំង-សៀម។
ដ្បិតការចុះអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនជាក់ស្តែង មិនទាន់ត្រូវបានអនុវត្តក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តស្វែងរកដំណោះស្រាយ បញ្ហាជម្លោះព្រំដែនជាមួយថៃ ក្រោមយន្តការការទូត និងប្រើប្រាស់ច្បាប់អន្តរជាតិបន្ថែមទៀត។
«មកដល់ម៉ោងនេះ មិនទាន់ចោលទេ។ យន្តការដោះស្រាយផ្លូវច្បាប់ យន្តការការទូត យើងទៅ(ដោះស្រាយបញ្ហាសមុទ្រ) នៅUNCLOS។ យើងលេខផ្លូវច្បាប់ នៅពេលដែលយន្តការទ្វេភាគី វាអស់(អត់មាន)។ »។ សម្តេច ហ៊ុន ម៉ាណែត ពន្យល់ដូច្នេះ ដោយសង្កត់ធ្ងន់ថា យន្តការទាំងនេះ នឹងត្រូវចំណាយពេលយូរ ប៉ុន្តែវាអាចដោះស្រាយបញ្ចប់បញ្ហា ខុសពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលគ្មានថ្ងៃចប់ និងបន្សល់ទុកបញ្ហាកាន់តែច្រើន។ ប្រមុខរាជរដ្ឋាភិបាល ស្នើសុំឱ្យពលរដ្ឋយោគយល់ ចំពោះការរង់ចាំ ថ្ងៃដែលជម្លោះត្រូវបិទបញ្ចប់នេះ។
សម្តេច បញ្ជាក់ដូច្នេះ៖ «ច្បាប់ការទូត អត់ដូចវ៉ៃគ្នា តែវាអាចចប់។ បើវ៉ៃគ្នាអត់ចប់ទេ យើងវ៉ៃយកបាន គេវ៉ៃបកវិញ យើងវ៉ៃយកវិញ។ (ឧទាហរណ៍) រុស្ស៊ី-អ៊ុយក្រែន ៣ឆ្នាំហើយ (វ៉ៃ)ទៅវិញទៅមក នៅតែវ៉ៃ។ »៕